កោះកុងក្រៅជាឈ្មោះកោះមួយដែលធំជាងគេនៅប្រទេសកម្ពុជាដែលស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។
 |
ឆ្នេររវាងទឹកសាប និងទឹកសមុទ្រ អាចបោះតង់ជាក្រុមបាន |
កោះនេះមានខ្សាច់សក្បុះ មានឆ្នេរចំនួន៧ដែលមានទឹកសាបហូរចុះពីលើភ្នំបង្កើតជាព្រែកហូរចូលសមុទ្រ មានធម្មជាតិ សត្វព្រៃរស់នៅជាច្រើន តាមព្រែកមានដើមកោងកាងដុះអបសងខាង ពេលទឹកនាចស្រកសល់តែខ្សាច់សក្បុះវែងអន្លាយ មានក្តាម ត្រីតូច ត្រីធំ ខ្យង បង្គា កាំប្រម៉ាសមុទ្រ ដែលយើងអាចដើរចាប់កំសាន្តបាន ។  |
ពេលទឹកនាច អាចដើរចាប់កាំប្រម៉ាសមុទ្រ |
 |
មានអាងធម្មជាតិត្រាំទឹកលេងបាន |
 |
ខ្សាច់សដុះចូលទឹកព្រែក រាក់អាចមើលឆ្លុះបាត
|
កោះកុងក្រៅជាតំបន់ទេសចរណ៍ធម្មជាតិដែលមិនទាន់អភិវឌ្ឍន៍ ធម្មជាតិនៅទីនោះមានលក្ខណៈស្រស់ថ្លាគួរជាទីចាប់ចិត្ត អ្នកទេសចរណ៍អាចរកចំណីអាហារសមុទ្រតាមរយៈទូកនេសាទដែលនេសាទនៅមុខឆ្នេរ ស្ទួចត្រី ដាក់សំណាញ់ចាប់ត្រី បានដោយងាយ។ មឹក ក្តាម បង្គា ត្រីសមុទ្រ អាចរកទិញពីភូមិនេសាទនៅជិតនោះបាន។ ដោយសារជាកោះជាប់ឈូងសមុទ្រថៃ សេវាទូរស័ព្ទពុំមាននោះទេ វាជាទីស្ងប់សុខនៃអ្នកទេសចរណ៍ដែលចូលចិត្តបែបធម្មជាតិ ស្រស់ស្រាយ មានទឹកសមុទ្រ មានទឹកសាប មានដើមដូងជាច្រើនជាប់ឆ្នេរ ។ ងូតទឹក ហែលទឹក ជិះកាយ៉ាក ស្ទួចត្រី ល្ងាចមើលថ្ងៃលិច ព្រឹកមើលថ្ងៃរះគង់ភ្នំ រសៀលដេកអង្រឹងស្រូបខ្យល់សមុទ្រ ស្តាប់ទឹកសមុទ្របោកឆ្នេរ ជាការលំហែដែលល្អសំរាប់សំរាកពីការនឿយហត់ពីការងារដែលតានតឹងនៅទីក្រុង ។
 |
ជិះកាយ៉ាក ជិះម៉ូតូទឹកលេងនៅព្រែកហូរចូលសមុទ្រ |
 |
នាំមនុស្សជាទីស្រឡាញ់រត់លេងតាមឆ្នេរខ្សាច់សក្បុះ |
 |
ស្ទួចត្រីកំសាន្ត |
 |
លំហែជាមួយទឹកថ្លាពណ៌ខៀវដូចគុជ ឆ្លុះដល់បាត |
 |
អង្គុយសំរាកលំហែ មើលត្រីតូចៗហែលលេង ទឹកថ្លាឆ្លុះបាត
|
ចុះបើចង់ទៅលេង តើគួរធ្វើបែបណាខ្លះ? កោះកុងក្រៅជាកោះដែលនៅជាប់ភូមិឡាំដាំ ដែលព័ទ្ធទៅដោយកោះ និងឆកតូចៗដែលមានព្រៃកោងកាងជាច្រើន អ្នកអាចជួលកាណូត ទូកនេសាទ ចេញពីស្ពានស្រែអំបិលចុះតាមតាតៃ ចេញពីចំណតជ្រោយប្រស់ រឺចំណតទឹកធ្លាក់ និងវត្តតាចាត។ អ្នកទេសចរណ៍គួរត្រៀមអាហារ និងរបស់របរប្រើប្រាស់ចាំបាច់ដើម្បីយកទៅ ព្រោះកោះមានតែទីតាំង និងទឹកសាបសំរាប់កំសាន្តនោះទេ។ អ្នកអាចកក់ទូកដើម្បីជិះលេងជុំវិញកោះទៅកាន់ឆ្នេរផ្សេងៗ រឺស្ទួចត្រីលេងពេលថ្ងៃរសៀល ។ ដើម្បីជៀសពីរលកសមុទ្រធំៗ ការធ្វើដំណើរតែងចេញពីព្រលឹមព្រោះវាស្ងប់ខ្យល់ នៅពេលថ្ងៃបាក់រសៀលកាន់តែល្ងាចទូកមិនអាចចូលទៅកៀកឆ្នេរបានឡើយដោយសារទឹកនាច តំបន់ជុំវិញកោះនេះនឹងឃើញវាលខ្សាច់ដ៍ធំ ។ ដោយសារតំបន់នោះមានព្រៃកោងកាងច្រើន សត្វមូស និងសុចតូចៗមានច្រើននៅតាមវាលឆ្នេរ អ្នកគួរយកថ្នាំមូស រឺឡេការពារសត្វល្អិតទុកបង្កា។
 |
ចំការដូងដែលដាំលំអកោះ មានផ្កាស្មៅដុះពីក្រោម |
 |
ទឹកនាថ ស្របពេលថ្ងៃលិច
|
 |
រីករាយជាមួយធម្មជាតិនៅកោះកុងក្រៅ |
Comments
Post a Comment