ទៅលេងភ្នំកំពង់ត្រាច ទៅលេងកន្លែងណាខ្លះ? - Best location of Kompong Trach Mountain
ភ្នំកំពង់ត្រាច គឺជារមនីយ៍ដ្ឋានធម្មជាតិមួយនៃខេត្តកំពតដែលមានភាពល្បីល្បាញជាងគេ ។ ភ្នំនេះជាភ្នំដែលមានថ្មកំបោរដុះដុំៗស្រួចចុងតៗគ្នាគួរអោយគយគន់ប្រៀបដូចជាគំនូរ ភ្នំនេះដែរមានរូងល្អាងធំតូចជាច្រើនលាក់កំបាំងជុំវិញភ្នំ ។
ជ្រុងម្ខាងនៃភ្នំកំពង់ត្រាច មើលពីកំពូលភ្នំម្ខាង |
ជាភ្នំមួយស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ចំងាយប្រមាណ ៤២ គីឡូម៉ែត្រ ពីក្រុងកំពត និងប្រមាណ ១៣៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ ដើម្បីទៅដល់រមណីយដ្ឋានភ្នំកំពង់ត្រាចបាន យើងត្រូវធ្វើដំណើរដោយចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៣ រហូតដល់ផ្លូវបំបែកគុស ហើយបន្តដំណើរតាមផ្លូវជាតិលេខ ៣១ ដោយឆ្លងកាត់ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស ។ នៅពេលដែលយើងទៅដល់ទីរួមស្រុកកំពង់ត្រាច យើងនឹងឃើញស្លាកបង្ហាញរបស់ក្រសួងទេសចរណ៍នៅខាងស្តាំដៃដែលស្ថិតនៅទល់មុខនឹងធនាគារ អេស៊ីលីដា សាខាស្រុកកំពង់ត្រាច សរសេរថារមណីយដ្ឋានភ្នំកំពង់ត្រាច ។ យើងធ្វើដំណើរតាមផ្លូវដីបន្តចំងាយប្រមាណ២គីឡូម៉ែត្របន្ថែមទៀត នឹងដល់ទីអារាមវត្តគិរីសិលា ដែលស្ថិតនៅជើងភ្នំកំពង់ត្រាចតែម្តង ។
ទេសភាពមើលពីលើកំពូលភ្នំកំពង់ត្រាច
អ្នកទៅលេងទីនោះ អាចកំសាន្តបានច្រើនកន្លែង បើយើងចូលតាមវត្តគិរីសិលា យើងនឹងដើរឆ្លងរូងល្អាងដំបូងដែលមានទឹកតក់បង្កើតជារូបផ្សេងៗដូចជារូបដំរីជាដើម បើលោកអ្នកទៅលេងនៅខែវស្សា គេឃើញនៅតាមរូងមានទឹកដកត្រៀបត្រា យើងអាចដើរកាត់បានដោយស្ពានឆ្លងទៅកន្លែងទីមួយនៃប្រហោងភ្នំ ។
រូងប្រហោងកណ្តាលមានទំហំធំ ហើយមានល្អាងតូចធំព័ទ្ធជុំវិញ
មើលឃើញថ្មដុះដាច់ពីក្រោមគួរអោយស្ងប់ស្ងែង |
នៅទីនេះរង្វង់ប្រហោងនេះ បើអ្នកបានទៅលេងចំពេលថ្ងៃត្រង់ចាំងចំពីលើ ហើយមានផ្សែងហោះហើរពេញនោះ អ្នកនឹងឃើញភាពអស្ចារ្យមួយ នោះគឺពន្លឺចាំងឆ្លុះតាមមែកឈើចុះមក ជាសសៃជះដូចពិលឆ្លុះគ្រប់កន្លែង មើលហើយគួរអោយគយគន់ និងចង់ថតទុកជាអនុស្សាវរីយ៍ ។
Sun Ray ទិដ្ឋភាពនៃភ្នំកំពង់ត្រាចពេលថ្ងៃត្រង់ |
បរិវេនចន្លោះភ្នំ |
ល្អាងតូចមួយទៀត |
ទេសភាពជំហៀងខាងកើតពេលដើរឆ្លងរូងភ្នំមកម្ខាង |
រទេះសេះចាំនាំអ្នកទេសចរណ៍កំសាន្តជុំវិញភ្នំ |
ទេសភាពមើលពីលើកំពូលភ្នំ |
កំពូលថ្មស្រួលនេះ យើងអាចឡើងថតរូបបាន |
ជ្រុងម្ខាងវត្ត ក្រោយចុះពីលើភ្នំមកអ្នកនឹងជួបជណ្តើរចុះ និងល្អាងមួយទៀត |
នៅម្ខាងទៀតនៃភ្នំ មានខ្សែរថភ្លើងដ៏វែងចេញពីភ្នំពេញមកកាត់ភ្នំដំរី និងភ្នំកំពង់ត្រាច។ ជ្រុងនោះដែរមានល្អាងជាច្រើនទៀតដូចល្អាងព្រះច័ន្ទ ល្អាងព្រះអាទិត្យ ល្អាងឆ្លុះភ្នំ ល្អាងតាសច្ច... ។ ដែលជាទីដ៏ពេញនិយមរបស់យុវវ័យ ទៅលេង ពិសេសនៅរដូវវស្សា ល្អាងព្រះច័ន្ទមានទឹកដកខៀវស្រងាត់ថ្លាឆ្លុះដល់បាត មានទឹកត្រជាក់គួរអោយចង់ងូតទឹកលេង ។
ល្អាងព្រះច័ន្ទខែវស្សា មានទឹកដកអាចហែលទឹកលេងបាន |
រូងតូចមួយរបស់អ្នកសច្ច |
ល្អាងព្រះអាទិត្យមានប្រហោងមួយឆ្លុះពន្លឺភ្លឺពេញល្អាង |
ក្នុងល្អាងព្រះអាទិត្យមានថ្មដុះចុះរាងដូចផ្កាស្លា និងរូបផ្សេងៗ |
ឡើងតាមកាំជណ្តើររាងចោទបន្តិចអ្នកនឹងឃើញរូងមួយធំមានប្រហោងឆ្លុះពីម្ខាងទៅម្ខាងនៃភ្នំ ទីនោះមានទេសភាពត្រកាលគួរអោយចាប់ចិត្ត អាចមើលឃើញភ្នំដំរី និងផ្លូវរថភ្លើងផងដែរ ក្នុងនោះមានរូងល្អាងធំ ព្រមទាំងមានរ៉ែថ្មដុះផងដែរ ។ រូងល្អាងមានសភាពងងឹត អ្នកអាចយកពិលតាមខ្លួនដើម្បីឆ្លុះមើលបាន ។
ជ្រុងម្ខាងនៃល្អាងខាងលើមានប្រហោងពន្លឺឆ្លុះមកតិចៗ |
ល្អាងនេះធំ មានប្រជៀវនៅ ខាងក្រោមមានទឹកដកតិច២ |
រ៉ែថ្មដែលជ្រុះនៅល្អាងនេះ មានសភាពថ្លាស្រដៀងរ៉ែត្បូង |
ទេសភាពមើលតាមចន្លោះល្អាងទៅម្ខាងនៃភ្នំ |
អាចមើលឃើញភ្នំដំរីបាន |
ទេសភាពមនោរម្យគួរជាទីស្ងប់ស្ងាត់ |
ចុះពីល្អាង អាចមកថតរូបជាមួយផ្លូវរថភ្លើងអបភ្នំបាន |
Comments
Post a Comment